ព័ត៌មានជាតិ

១ថ្ងៃ តុលាការ ចាត់ការសំណុំរឿង ក្មេងទំនើង១២ករណី ឃាត់ខ្លួន៤១នាក់ និងរត់គេច១០នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃ២៧ ឧសភា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿង ពាក់ព័ន្ធនឹងករណីក្មេងទំនើង ចំនួន១២ករណី ដែលមានជនសង្ស័យ៥១នាក់​ ដោយតុលាការ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៤១ នាក់ និងរត់គេចខ្លួន១០នាក់ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏ថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុស ត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏អំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មាន ប្រៀនប្រដៅដល់កូនៗ ឲ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ៕

To Top