ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែង អំពីជោគជ័យ នៃបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលជាផ្នែកសំខាន់មួយ ក្នុងការធ្វើ ឲ្យសម្រេចនូវរាល់ស្មារតី ឯកភាពគ្នារវាង ថ្នាក់ដឹកនាំកម្ពុជានិងចិន ដោយជាលទ្ធផលជាក់ស្តែងបម្រើ ដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។
សម្តេចបានវាយតម្លៃបែបនេះ ក្នុងឱកាសអនុញ្ញាតលោក លោក វ៉ាង វិនធាន ចូលជួបពិភាក្សាការងារនិងជម្រាបលា នាថ្ងៃ២៨ ឧសភា ។
សម្តេចគូសបញ្ជាក់ថា លោក វ៉ាង វិនធាន ក៏ដូចជាឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ សម្តេចក៏ដូចជារដ្ឋសភាកម្ពុជា ទំាងមូល បានគំាទ្រនិងផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយស្ថានទូតចិនប្រចាំ នៅភ្នំពេញ ធ្វើឲ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង។
ក្នុងនាមជាសាក្សីមួយដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា លោកកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ក្នុងអាណត្តិទី៧នេះ ជាពិសេសជោគជ័យរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ក្រោយពីកូវីដ-១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ភាពជាដៃគូសភាអាស៊ី អ៊ឺរ៉ុប (ASEP) និងមហាសន្និបាតអាយប៉ា (AIPA)ដែលធ្វើឲ្យតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់ និងសំខាន់ឡើង ៕