ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងពីភាពចាំបាច់ នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀន តាមបណ្ដាខេត្តជាប់ព្រំដែន ខណៈភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ កំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង ដែលបានប្រព្រឹត្តិទៅនៅមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតនៅក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
ដោយផ្អែកលើបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសជាបន្តបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា «ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំដែលបាននឹងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀតទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀនផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្នុងនីតិកាលទី៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញឆន្ទៈនយោបាយមុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជាលេខ០១ ប.ប. អនុវត្តការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាភាពស្អាតស្អំ និងឈានដល់ការបណ្ដេញចេញពីក្របខណ្ឌរដ្ឋ លើរាល់អ្នកដែលរកឃើញថាប្រើប្រាស់ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ ដែលផ្ដើមការធ្វើតេស្តលើមន្ត្រីនិងកងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧មកនោះ គឺនឹងមិនបញ្ចប់វិធានការ សម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ លោក ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្តវិធានការផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់ គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន៕





