ព័ត៌មានជាតិ

កម្ពុជាមិនមានលទ្ធភាព បញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែននោះទេ ដោយសាររដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន ថាកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែននោះទេ ដោយសារ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាត។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ លោករូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) បានស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹងរង់ចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ ។

ជាការឆ្លើយតប សម្តេចបានមានប្រសាសន៍ថា សម្តេចមានការសោកស្តាយដែល កម្ពុជាមិនមានលទ្ធភាពបញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសជប៉ុន ។

សម្តេចបានបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន៕

To Top