ព័ត៌មានជាតិ

ប្រធានសភាអ៊ុយក្រែន អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅទីក្រុងគាវ

ភ្នំពេញ៖ តាមរយៈការសន្ទនាតាមប្រព័ន្ធវីដេអូ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅទីក្រុងគាវ។

ក្នុងជំនួបនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) បានលើកឡើងនូវ ប្រធានបទចំនួន៣ ជូនសម្តេចតេជោ រួមមាន៖

ទី១)ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និង អំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយ លោក រំពឹងថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់ សម្ដេចតេជោ នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់ អ៊ុយក្រែន និងពិភពលោក ។

ទី២)ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ លោក ស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ ។

ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោក រូស្លាន ស្តេហ្វានឈុក បានអញ្ជើញ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិងសូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនង រវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន ។

ចំពោះការអញ្ជើញ សម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយ ក្នុងពេលសមស្របណាមួយ ៕

To Top