កំពត៖ គម្រោងសងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមា នៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ បាននិងកំពុងដំណើរការ សម្រេចបានប្រហែល ៣០ភាគរយហើយ។
លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនសុខាអូតែល បានឲ្យដឹងថា ទីឋានសក្ការៈដ៏ធំស្កឹមស្កៃ ស្ថិតនៅលើកំពូលភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្សនេះ នឹងក្លាយជាតំបន់ទេសចរណ៍ បែបសាសនាសម្រាប់ពុទ្ធ បរិស័ទក្នុងស្រុក និងភ្ញៀវទេសចរទូទាំងពិភពលោក។
លោកបានឲ្យដឹងថា «គម្រោងសាងសង់នេះ គឺមានព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ មួយព្រះអង្គគង់នៅលើខឿន អមដោយព្រះពុទ្ធូបចំនួន ១២អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤.០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំង ខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកា សរុបប្រមាណ ៦០លានដុល្លារអាមេរិក»។
លោកបានលើកឡើងថា ក្រុមហ៊ុនក៏បានផ្តល់ឱកាស សម្រាប់សប្បុរសជនដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យក្នុង ការកសាងព្រះពុទ្ធប្បដិមាសម្រាប់អង្គធំ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅ តាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬឈ្មោះអ្នកមានគុណ នៅខាងមុខបល្ល័ង្ក។
លោកប្រិញ សាវុធ បញ្ចក់ថា រហូតមកទល់នឹងពេលនេះ មានសប្បុរសជនបានជាវព្រះពុទ្ធរូបតូចៗ សម្រាប់ដាក់តម្កល់ លើជញ្ជាំងនៅក្នុងខឿន ប្រមាណជាង ១.០០០អង្គហើយ។
ការបញ្ជាក់ជាថ្មីរបស់លោក ការសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីខែមករា ឆ្នាំ ២០២៣ និងចំណាយពេលរយៈពេល ៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង ៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់ប្រមាណ ១.០៧៥ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២៕
ដោយ: ព្រឿង វិសាល