ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ការ ចូលរួមគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួប លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃ២៩ ឧសភា ។

ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ឯកអគ្គរដ្ឋទូត ចំពោះបេសកកម្មរយៈពេល ៦ឆ្នាំនៅកម្ពុជា និងថ្លែងអំណរគុណជារួមដល់ការចូលរួម គាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថ្លែងអំណរគុណឯកអគ្គរដ្ឋទូត បានចូលរួមចំណែកក្នុងកិច្ចការងារ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាអាទិ៍មានសមិទ្ធផលលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់ស្ពានព្រែកតាមាក់ ស្ពានព្រែកក្ដាម និងគម្រោងផ្សេងៗជាច្រើនទៀតទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកផងដែរ។
បន្ថែមពីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមនឹងបានទទួលជួបលោកទូត ជាថ្មីម្តងទៀតនៅកម្ពុជា ក្នុងពេលណាមួយ ។

លើកឡើងក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតក៏បានកោតសរសើរ និងថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការគាំទ្រលើកិច្ចសហការ នានានាពេលកន្លងមក ដូចមាន សមិទ្ធផលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ព្រមទាំងផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជាដើម។ ទោះបីជាអាណត្តិបេសកកម្មការទូតត្រូវបានបញ្ចប់ លោកក៏បានលើកឡើងថា នឹងបន្តគាំទ្រកម្ពុជា ហើយសង្ឃឹមនឹងបានត្រឡប់មកកម្ពុជាវិញ នាឱកាសណាមួយនៅពេលខាងមុខ៕


