ព័ត៌មានជាតិ

បញ្ឈប់អាជីវកម្មទូកកាណូត ទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» បន្ទាប់ពីម្ចាស់បោះសំរាមចូលទន្លេ

ភ្នំពេញ ៖ អាជ្ញាធរ បានបញ្ឈប់ការ ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» បន្ទាប់ពីម្ចាស់ទូកទទួលស្គាល់កំហុសថា ខ្លួន «ពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេ ពិតប្រាកដមែន»។

ការបញ្ឈប់ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» នេះ បន្ទាប់ពីមានហ្វេសប៊ុកឈ្មោះ Buntha Chheang បានសរសេរថា «សូមសមត្ថកិច្ចខណ្ឌដូនពេញ ជួយមើលទូកដឹកភ្ញៀវទេសចរមួយនេះ ដឹកសំរាមទៅបោះចោលក្នុងទន្លេ រួចបើកចូលមកខាងវិញ»។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខណ្ឌដូនពេញ នាថ្ងៃ២៩ ឧសភា បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ចែកចាយនៅតាមបណ្តាញសង្គម ពីគណនីហ្វេសបុកឈ្មោះ Buntha Chheang រួចមក នៅថ្ងៃដដែលនេះ រដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកបានអះអាងទទួលស្គាល់ ថា «ពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេពិតប្រាកដមែន»

បន្ទាប់ពីបានធ្វើការសាកសួរ រដ្ឋបាលខណ្ឌ បានសម្រេច អប់រំណែនាំដល់ម្ចាស់ ទូកកាណូតទេសចរណ៍នេះ ឲ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
ក្នុងនោះក៏មានការផាកពិន័យម្ចាស់ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន និងការបញ្ឈប់អាជីវកម្មទូកកាណូត ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ ៕

To Top