ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ ឧសភា បានទទួលជួបពិភាក្សា ការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និង សក្តានុពលវិនិយោគនៅកម្ពុជា ជូនទៅវិនិយោគិន នៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុប គឺអាល្លឺម៉ង់ និងអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នា កាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងឯកឧត្ដមឯកអគ្គរដ្ឋទូត។

បន្ទាប់ពីកិច្ចប្រជុំនេះ គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ នឹងអញ្ជើញ ជួបពិភាក្សាកម្រិតបច្ចេកទេសម្ដងទៀត តាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរ បេសកកម្មទាំងស្រុង នៅតំបន់អឺរ៉ុបក្នុងឱកាសនេះ ។

លើកឡើងក្នុងអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការត្រៀមខ្លួន រួចរាល់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញ វិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម ។


ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីការគាំទ្រ ដល់បេសកកម្ម របស់ឧបនាយករដ្ឋមន្ត្រី អញ្ជើញគោះទ្វារវិនិយោគបង្ហាញ នូវសក្ដានុពល និងបច្ចុប្បន្នភាពនានា របស់កម្ពុជាទៅវិនិយោគិន នៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខនេះ ៕
