ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដែលជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួលសេវាកម្មកាត់សក់ ដោយមិនគិតថ្លៃ ពីសមាគមមិត្តយើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ការបង្កើតកម្មវិធីកាត់សក់ ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យនេះ ពិតជាមានសារៈសំខាន់ ព្រោះអាចជួយកាត់បន្ថយការចំណាយ របស់ប្រជាពលពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជា ការបង្ហាញអំពីការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ ដែលបានចូលរួម ទទួលសេវា កាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញអារម្មណ៍ សប្បាយរីករាយផងដែរ ដែលរាជរដ្ឋាភិបាល បានបង្កើតកម្មវិធីនេះឡើង ដោយអ្នកចូលរួមទាំងនោះ ក៏ចង់ឲ្យមានកម្មវិធីនេះ នៅក្នុងមូលដ្ឋាន របស់ពួកគាត់ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ សមាគមមិត្តយើង នឹងមានកម្មវិធីថ្មីមួយទៀតគឺ «កម្មវិធីកាត់សក់ចល័ត» ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ដោយកាត់សក់ឥតគិតថ្លៃជូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រសហគ្រាស និងអ្នកក្រៅប្រព័ន្ធ។ កម្មវិធីកាត់សក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយ របស់សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីជំនាញកាត់សក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែង រកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ៕












