ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី29-05-2024 សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន ACFTU និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍCFPD ក្នុងនោះមានចានស្រាក់ ចំនួន5000និងដបទឹកក្ដៅ ចំនួន5000 ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ ប្ដូរអន្តរជាតិ CWCIE តំណាងសហជីពទូទាំងប្រទេសចិន ACFTU និងCFPD ផងដែរ ។
លោក សួង ហួត ប្រធានNACCបានថ្លែងថា ថ្ងៃនេះខ្ញុំពិតជាមានមហាកិត្តិយសណាស់ ដែលបានទទួលស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិន សម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE ក្នុងពិធីប្រគល់អំណោយ របស់សហជីពទូទាំង ប្រទេសចិន ACFTU ដល់ NACC នៅពេលនេះ ។
ហើយលោក សូមយកឱកាសនេះ ដើម្បីគោរពថ្លែង អំណរគុណដល់ ACFTU, CFPD និង CWCIE ដែលបានផ្តល់ នូវសម្ភារៈ មានប្រអប់បាយ និងដបទឹកក្ដៅដល់ NACC សម្រាប់យកទៅចែកជូនកម្មករ និយោជិតកម្ពុជា ។ អំណោយនេះគឺ ពិតជាបានឆ្លើយតបនិង តម្រូវការចាំបាច់ប្រចាំថ្ងៃ របស់កម្មករ ហើយវាក៏ជាផ្នែកមួយ នៃការចូលរួមការពារបរិស្ថាននិង កាត់បន្ថយការប្រើប្រាស់ថង់ ផ្លាស្ទិកដើម្បីលើកកម្ពស់បរិស្ថាន ស្អាតនៅកន្លែងការងារផង និងលើកកម្ពស់សុខភាព របស់កម្មករ និយោជិតផង ។
ដោយឡែកទំនាក់ទំនងរវាងសភា សម្ព័ន្ធសហជីពជាតិកម្ពុជា NACC ជាមួយ ACFTU, CFPDនិង CWCIE ខ្ញុំសូមធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ថា ជាទំនាក់ទំនងមួយដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែក្រវាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯក ស៊ីជីនពីង ដើម្បីពង្រីកកិច្ចទំនាក់ទំនងអន្តរជាតិរវាង រដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជន ។
ជំនួយឧបត្ថម្ភដ៏ថ្លៃ ថ្លារបស់ ACFTU, CWCIE និងCFPD នៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញ ពីវឌ្ឍនភាព នៃទំនាក់ទំនង មិត្តភាពកាន់ តែស៊ីជម្រៅរវាង សហជីពកម្ពុជា និង សហជីពចិន ដែលបានភ្ជាប់ ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ។ ភាគីទាំងពីរបានឈានដល់ការ ចុះកិច្ចសហប្រតិបត្តិការ MoC ជាមួយគ្នា រួចហើយយោង តាមស្មារតីនៃ កិច្ចសហការ MoC នេះមហាមិត្តចិន និងផ្ដល់ជូនការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លីដល់ NACC ការជួយគាំទ្រ គ្នាទៅវិញ ទៅមកទាំងនៅលើឆាកជាតិ និងលើឆាកអន្តរជាតិ និង ការផ្លាស់ប្ដូរទស្សនៈ កិច្ចសិក្សាគ្នា ទៅវិញទៅមក ។ ហើយខ្ញុំមាន សង្ឃឹមយ៉ាងមុតមាំថា សហជីព នៃប្រទេសទាំងពីរ និងឈានដល់ ការចុះអនុសារណៈ នៃការយោគយល់ MoU ជាមួយគ្នានាពេលខាងមុខ ។
តាមរយៈនៃការផ្ដល់ ជំនួយដ៏ថ្លៃថ្លា នេះបានជំរុញឱ្យ ទំនាក់ទំនង រវាង ភាគីទាំងពីរ
កាន់តែរឹងមាំ និង ស៊ីជម្រៅ ថែមទៀត ហើយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំ និងសូមស្នើសុំដោយទទូចសូមឱ្យ ACFTU, CWCIE និង CFPD បន្តជួយដល់ NACC ទៅថ្ងៃអនាគតទៀត ដើម្បីឱ្យ NACC ក្លាយជាអង្គការដៃគូសហការ មួយកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ។
អំណោយដ៏ថ្លៃថ្លាទាំងនេះ អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ការរួមសុខរួមទុក្ខនិង រួមគ្នាដោះស្រាយដើម្បី
អនាគតរួមគ្នា ជំរុញការកសាង សហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី ។
ក្រៅពីការផ្ដល់អំណោយនេះ សហជីពនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមកជាប្រចាំ។
កន្លងមកនេះភាគីមហាមិត្តចិន បានផ្តល់ជំនួយឧបត្ថម្ភដល់ NACCជាបន្តបន្ទាប់តាមខ្ញុំចាំ ក្នុងនោះ អំណោយទី១ គឺមហាមិត្តចិន បានផ្តល់រថយន្តក្រុងចំណុះ៣៥កៅអី ចំនួន២គ្រឿងរួមទាំងថ្លៃដឹក ជញ្ជូនពីប្រទេសចិនមកដល់កម្ពុជា។
លើកទី២ គឺមាន មាស៊ីនបាញ់ថ្នាំ ២០គ្រឿង ខោអាវបាញ់ថ្នាំ២០ ឈុត ស្បែកជើង មួក ស្រោមដៃ២០ឈុត ម៉ាស់ ៣០០,០០០បន្ទះ រួមទាំងថ្លៃដឹកជញ្ជូន ។
លើកទី៣ មាន កញ្ចប់ក្តីស្រលាញ់ចំនួន ២០០០ កញ្ចប់ក្នុងនោះមាន កាបូប ខ្មៅដៃ ប្រដាប់ខួង ខូល័រ ប្រេងកូឡា និងកន្សែងអនាម័យរួមទាំងថ្លៃដឹកជញ្ជូនផងដែរ ។
លើកទី៤ មាន ម៉ាស់ ៣០០,០០០បន្ទះ ខូល័រ ៥០០០ប្រអប់ ខ្មៅដៃនិងប្រដាប់ខួង ៥០០០ប្រអប់ កន្សែងអនាម័យ ១០០០០ឧបករណ៍តេស្ត រហ័សកូវីដ ១៩(៨០០០ តេស្ត) រួមទាំងថ្លៃដឹកជញ្ជូន
លើកទី៥ គឺមានម៉ាស់ ៤២០,០០០ បន្ទះរួមទាំងថ្លៃដឹកជញ្ជូនជា អំណោយសហជីពខេត្តយូណាន
និងលើកទី៦ គឺអំណោយនៅថ្ងៃនេះ មានប្រអប់បាយចំនួន៥០០០ និងដបទឹកក្ដៅចំនួន៥០០០ រួមទាំងថ្លៃដឹកជញ្ជូនផងដែរ ។
NACC នៅតែបន្តគាំទ្រគោល នយោបាយចិនតែ១មិនងាករេ ហើយកន្លងមកNACC ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ គាំទ្រគោលនយោបាយចិន តែមួយនេះផងដែរ ។ NACC និងបន្តការសហការល្អក្នុង នាមជាមិត្តភាព ដែកថែបជាមួយសហជីពចិន និងអង្គការសង្គមស៊ីវិលនានារបស់ប្រទេសចិនជាពិសេសជាមួយ ACFTU, CFPD, CWCIE និងCNIE ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហជីពទាំងពីរក្លាយជា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅនាពេលអនាគត ។
ជាថ្មីម្ដងទៀតសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ACFTU, CWCIEនិង CFPD ដែលបានជួយឧបត្ថម្ភ ទាំងសម្ភារៈនិងថវិកាសម្រាប់ថ្លៃដឹកជញ្ជូន NACCកន្លងមក ៕