ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង ១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធគម្រោង USAID អភិរក្ស (USAID Conserve) នៅថ្ងៃទី២៩ ឧសភាព នារាជធានីភ្នំពេញ លោករដ្ឋមន្រ្តីថ្លែងថា កម្ពុជាគឺជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលមានទស្សៈវិស័យរយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ។
លោករដ្ឋមន្រ្តីបន្ដថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ នោះគឺស្អាត បៃតង និងចីរភាព បានគិតគូគ្រប់ជ្រុងជ្រោយនូវសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត«បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស «អព្យាក្រឹតកាបូននិងមានគម្របព្រៃចំនួន ៦០%នៅឆ្នាំ២០៥០»។
លោករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាបានត្រៀម ខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ដៃគូសហការទាំងអស់។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារ USAID ដែលបានសហការជាមួយនឹងក្រសួងបរិស្ថាន ក្នុងកិច្ចការអភិរក្ស ធនធានធម្មជាតិ និងបរិស្ថាន។
រដ្ឋមន្រ្តីសង្ឃឹមថា គោលបំណង និងសកម្មភាពរបស់គម្រោង USAID អភិរក្សដែលមានរយៈពេល៥ឆ្នាំនេះ អនុវត្តនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ តំបន់ទេសភាពព្រៃឡង់ និងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប (តំបន់៣) មានភាពស៊ីចង្វាក់ជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ជាសេនាធិការក្នុងការ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន៕