ព័ត៌មានជាតិ

ព័រទុយហ្គាល់ សន្យានឹងផ្តល់ប្រាក់ ១២៦លានអឺរ៉ូ សម្រាប់ស្តារប្រទេស អ៊ុយក្រែនឡើងវិញ

AFP

LISBON៖ យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រវាងប្រទេសព័រទុយហ្គាល់ និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ ប្រទេសព័រទុយហ្គាល់ នឹងផ្តល់ឱ្យអ៊ុយក្រែនយ៉ាងហោចណាស់១២៦លានអឺរ៉ូ ស្មើនឹងប្រហែល១៣៧លានដុល្លារ នៅក្នុងឆ្នាំនេះសម្រាប់ “ស្តារប្រទេសអ៊ុយក្រែនឡើងវិញ” ។

នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលខ្លី របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលជាការឈប់ចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគីរយៈពេល១០ឆ្នាំក្នុងវិស័យសន្តិសុខ ។

លោក Luis Montenegro នាយករដ្ឋមន្ត្រី ព័រទុយហ្គាល់ បានថ្លែងដោយធានាដល់លោក Zelensky ថាជំនួយនឹងត្រូវបានផ្តល់ ជូនក្នុងរយៈពេល ១០ឆ្នាំខាងមុខថា “ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់យើងនឹងត្រូវបានរក្សា ទុកពេញមួយរយៈពេលនៃកិច្ចព្រមព្រៀងនេះ” ។

លោក Zelensky បានសម្តែងការដឹងគុណ ចំពោះការគាំទ្រ និងបានពិពណ៌នាព័រទុយហ្គាល់ថា ជា “ដៃគូក្នុងការកសាងឡើងវិញ” ប្រទេសរបស់គាត់ ។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា “កិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំនេះមិនមានន័យថា សង្រ្គាមនឹងមានរយៈពេល១០ឆ្នាំនោះទេ វាគឺជាកិច្ចព្រមព្រៀង យុទ្ធសាស្ត្រដែលគ្របដណ្តប់លើការបន្ត និងស្តារឡើងវិញអ៊ុយក្រែន និងជំនួយមនុស្សធម៌” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top