ភ្នំពេញ ៖ បញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់ កើនខ្ពស់ជិត២ដងធៀបនឹងកិច្ចប្រតិបត្តិការកន្លងទៅ។
បើតាមអ្នកនាំពាក្យរងដដែល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី, លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
តើក្រុមក្មេងទំនើងទាំងនោះនឹងប្រឈមមុខវិធានការអ្វីខ្លះ បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួន? លោក ទូច សុឃៈ បានឱ្យដឹងថា ពួកគេនឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។
ព្រោះហេតុដូច្នេះហើយបានជាក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន៕