ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ណែនាំអោយមន្ត្រីជំនាញយកចិត្តទុកដាក់រួមគ្នា បង្ក្រាបបទល្មើសជលផល !

ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤នៅសាលប្រជុំជាន់ទី ១ នៃរដ្ឋបាលខេត្តបានណែនាំ និង ជម្រុញដល់មន្ត្រីជំនាញធ្វើយ៉ាងណាត្រូវសហការរួមគ្នាបង្ក្រាប នូវ បទល្មើសជលផលទាំងនៅរដូវបើកនេសាទ និង នៅរដូវបិទនេសាទដែលនិងមកដល់ក្នុងថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកអភិបាលខេត្តពោធិ៍សាត់បានណែនាំ និង ជម្រុញបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់ខេត្តដើម្បីបង្ហាញលទ្ទផលការអនុវត្តគម្រោងការអភិរក្សជីវចម្រុះ និង កសាងសមត្ថភាពដើម្បីសម្របខ្លួនទៅនិងបញ្ហាប្រឈមនានាដល់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប និង លើកទិសដៅអនុវត្តបន្តដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ និង អង្គការអភិវឌ្ឍន៍នារីខ្មែរ(ANKO)ដោយមានការគាំទ្រពីគម្រោងCritical Ecosystem partnership Fund និង Conser vation International.។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថាធនធានមច្ឆាជាតិមានលទ្ធភាពកកើត និង រីកធំធាត់ឡើងកាន់តែច្រើនក៍ដោយសារតែគ្រប់ភាគីពាក់ព័ន្ធបន្តរក្សាបាននូវជម្រកត្រីពងតាមព្រៃលិចទឹកពិសេសអភិរក្សបាននៅទីតាំងអភិរក្សត្រីមេពូជជាច្រើនដែលមាននៅជុំវិញបឹងទន្លេសាប។លោកក៍បានណែនាំ និង ជម្រុញដល់មន្ត្រីជំនាញត្រូវរួមសហការគ្នាដើម្បីទប់ស្កាត់ និង បង្រ្កាបនូវបទល្មើសជលផលអោយមានប្រសិទ្ធិភាពទាំងនៅរដូវបើកនេសាទ និង នៅរដូវបិទនេសាទដែលនិងឈានមកដល់នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ខាងមុខនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍សូមគាំទ្រ និង លើកទឹកចិត្តដល់អង្គការជាដៃគូរដែលបានខិតខំគៀរគររកជំនួយក្នុងកិច្ចការងារលើកកម្ពស់សហគមន៍នេសាទនៅតាមស្រុកគោលដៅព្រមទាំងរកដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាអោយជីវចម្រុះក៍ដូចជាត្រីមេពូជមាននិរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៍បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់សហគមន៍ឆ្នើមចំនួន ៦ សហគមន៍ផងដែរ៕

To Top