ព័ត៌មានជាតិ

សម្ដេចធិបតី ចាត់ទុកវត្តមានលោក ម៉ានី ប៉ាគីអាវ នៅកម្ពុជា នឹងជួយលើកស្ទួយវិស័យកីឡា និងទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា វត្តមានរបស់លោក ម៉ានី ផាគីអាវ កំពូលកីឡាករប្រដាល់កម្រិតពិភពលោក នៅកម្ពុជា នឹងចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា និងវិស័យទេសចរណ៍ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣០ ឧសភា នៅវិមាន៧មករា ។

ក្នុងជំនួបនេះដែរ លោក ម៉ានី ផាគីអាវ បានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួម ជាមួយកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍ របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។

លោក ម៉ានី ប៉ាគីអាវ បានជម្រាបជូនសម្តេចធិបតី ថា កីឡាប្រដាល់ គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹង អំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាន នូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។

ជាមួយគ្នានេះ លោក ម៉ានី ប៉ាគីអាវ ក៏បានជម្រាបជូនសម្ដេចធិបតី ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ ក្នុងជីវិតជាអ្នកប្រដាល់អាជីព លំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។

ក្នុងនោះដែរ សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ជាមួយគ្នានេះ សម្តេចធិបតី បានជូនពរលោក ម៉ានី ប៉ាគីអាវ និងគណៈប្រតិភូ ឱ្យស្នាក់នៅកម្ពុជា ប្រកបដោយភាពសប្បាយរីករាយ និងទទួលបាននូវជោគជ័យ ក្នុងដំណើរបំពេញបេសកកម្ម នៅកម្ពុជា៕

To Top