ព័ត៌មានជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី ឆ្ពោះទៅសមុទ្រខាងកើត ចំពេលដំណើរទស្សនកិច្ច នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ-សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ទៅកាន់សមុទ្រខាងកើត កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះបំបាំងកាយកម្រិតខ្ពស់ និងចំពេលមានដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលសន្មតថា ជាមីស៊ីលរយៈចម្ងាយខ្លី ដែលបានបាញ់ចេញពីទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Wonsan នៅម៉ោង៣និង១០ រសៀល ឆ្ពោះទៅសមុទ្រខាងកើត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។

ការបាញ់នោះទៀត ត្រូវគេកត់សម្គាល់ថា ធ្វើឡើងក្នុងពេលដំណើរបំពេទស្សនកិច្ច​ផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។

នៅពេលទាក់ទងសុំការអត្ថាធិប្បាយបន្ថែមជុំវិញ បញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ ដោយឱ្យទៅសួរ លោក ហ្ស៊ង់ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស។ លោក តាន់ បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះឡើយ ដោយបានអះអាងថា លោកបានធ្វើសន្និសីទ​កាសែតរួចហើយ ក្រោយបញ្ចប់ទស្សនកិច្ចភ្លាមៗ នៅពេលមកដល់ នាឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

យ៉ាងណាក៏ដោយ អ្នកជំនាញទំនាក់ទំនងអន្តរជាតិ​កម្ពុជា មួយរូប បានថ្លែងការកត់សម្គាល់ថា លោក មិនគាំទ្រការបង្កហេតុណាមួយ ដោយកូរ៉េខាងជើងនោះទេ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃសុក្រ ទី​៣១ ខែឧសភា ឆ្នាំ២០២៤ នេះថា “ជំហររបស់កម្ពុជា មិនមានការផ្លាស់ប្តូរទេ គឺរំមែងតែងចង់ឃើញសន្តិភាព​ នៅឧបទ្វីបកូរ៉េ។ ហើយយើងប្រឆាំងដាច់ខាតហើយការរីកសាយអាវុធ​នុយក្លេអ៊ែរ​ អាវុធមហាប្រល័យផ្សេងៗទៀត រហូតដល់កម្ពុជា មានចារឹក​ នៅក្នុងរដ្ឋធម្មនុញ្ញទៅទៀត”។

លោក គិន ភា

លោកបណ្ឌិត បន្ថែមថា “ថ្វីបើកម្ពុជា មានទំនាក់ទំនងផ្លូវការ​ទាំងជាមួយ​កូរ៉េខាងជើង និងកូរ៉េខាងត្បូង​ ដូចគ្នា ក៏ប៉ុន្តែ​កម្ពុជា មិន​ប្រថ្នា​ចង់ឃើញអរិភាព​រវាងប្រទេស​ទាំងពីរទេ គឺចង់ឃើញឧបទ្វីបកូរ៉េមួយ​ ដែលមានសន្តិភាព​ មានស្ថិរភាព​ ដែលនាំឱ្យមានការអភិវឌ្ឍនៅក្នុង​ក្របខណ្ឌតំបន់ទាំងមូល ពីព្រោះបើក្នុងតំបន់​មានអស្ថរិភាព​ អសន្តិភាព​ គឺយើងនឹងពិបាក​ស្វែងរក​ការ​អភិវឌ្ឍណាស់”​។

JCS បាននិយាយថា “មីស៊ីលកូរ៉េខាងជើង បានហោះបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ហើយបានចុះចតនៅសមុទ្រខាងកើត” ។

យោធាកូរ៉េខាងត្បូងបានបរិហារការបាញ់កាំជ្រួចចុងក្រោយនេះថាជា “ទង្វើបង្កហេតុ” ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង៕

ដោយ៖ សយ សុភា

To Top