ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានផ្ញើសារក្រើនរំលឹក និង អំពាវនាវ ដល់អ្នកប្រើប្រាស់ ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងកុំដឹកធ្ងន់ពេក ដោយសារអំឡុង ពេលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែង ទួលចំណោទ ។ នេះបើតាមហ្វេសប៊ុក របស់លោកនាព្រឹកថ្ងៃ៣១ ឧសភា ។
លោកបានរៀបរាប់ពីស្ថានភាពផ្លូវថា បច្ចុប្បន្ន ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាព នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ដូច្នេះរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿន មួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
លោកថា ក្រុមការងារការដ្ឋាន ក៏បានព្យាយាមបង្កើន បង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗ អាចកើតឡើង ជាយថាហេតុផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៥៦.៥៦%ហើយ គិតត្រឹមបំណាច់ខែឧសភា។ នៅបំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ការដ្ឋាននឹងសម្រេចឲ្យបាន៦០%។
ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ៕