ព័ត៌មានជាតិ

សម្ដេចធិបតី រំលឹកអ្នកសិល្បករប្រុងប្រយ័ត្ន ចំពោះការផលិតមាតិកា ឬសម្ដែងទាំងឡាយណា មានចរិតមិនល្អសម្រាប់សង្គម

ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អ្នកសិល្បៈទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចៀសវាងនូវការផលិតមាតិកា ឬសម្ដែងទាំងឡាយណា មានចរិតមិនល្អសម្រាប់សង្គមជាតិ។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត, ការបង្កើតមាតិកា និងការសម្តែងទាំងឡាយ ដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ បំពុលសង្គម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

សម្ដេចធិបតី មានប្រសាសន៍ថា «នៅក្នុងបរិកា នៃបដិវត្តន៍ឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងកាន់តែពិបាក ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានប្រុងប្រយ័ត្នខ្ពស់ចៀសវាង នូវការផលិត ការបង្កើតមាតិកាដែលសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ឬសមធម៌ជាតិរបស់យើង»។

សម្ដេចធិបតី បន្ដថា ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែកថ្មី សប្បាយ និងការទាក់ទាញដើម្បីឱ្យមានការចាប់អារម្មណ៍ និងមានការគាំទ្រ សម្ដេច ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសីលធម៌សង្គម, តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌, មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានរំលឹកឃ្លាមួយប្រយោគដែលគេតែងតែនិយាយថា «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ សិល្បករ រៀមច្បងមិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយយុវជនបន្តវេន៕

To Top