ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ពន្លឿននីតិវិធីក្នុងការសាងសង់ផ្លូវលំជនបទ១ខ្សែ ក្នុងឃុំគគីស្រុកបារាយណ៍ រនៅចុងឆ្នាំនេះ ដោយអនុវត្តស្របតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស ដែលមានជាធរមាន ដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនកសិផលនានា។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ១ខ្សែ ស្ថិតនៅក្នុងឃុំគគីរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។
សូមជម្រាបជូនផងដែរថា ខ្សែផ្លូវមួយខ្សែនេះ មានប្រវែងសរុប ១៨ ០០០ម៉ែត្រ តភ្ជាប់ពីភូមិ ពង្រលីង ឃុំក្រវ៉ា ទៅដល់ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ដែលផ្លូវនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានលើកគម្រោងស្ថាបនា ជាគម្រោងពហុឆ្នាំ ដោយប្រើប្រាស់ថវិកាជាតិ សម្រាប់ការកសាងប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ១២ ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស ទទឹង០,៥ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។ ដោយឡែកផ្លូវដែលនៅសល់ មិនទាន់ស្ថាបនាមានប្រវែង ៥,៥គ.ម.ទៀត៕






