ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សរុបចំនួន ៤៥នាក់ ស្រីចំនួន ៦នាក់។
ក្នុងជំនួបនេះ លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលខេត្តសម្រេចបានជាបន្ដបន្ទាប់ក្រោមម្លប់សន្ដិភាព និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ដ្រីរាជការ គ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លូនសម្រេច បានគួរជាទីមោទន ជាពិសេសកិច្ចអន្ដរាគមន៍ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស បានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបរិភោគដោយសារការប្រែប្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងពរសព្វសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរ។
ជាមួយនេះលោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដូចខាងក្រោម៖
១/ ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃ ដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
២/ មន្ដ្រីរាជការគ្រប់រូបត្រូវវខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងឱកាសបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការបំពេញតួនាទីជាសេនាធិការ ឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងកិច្ចសហការល្អ ជាមួយមន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា។
៣/មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ស្រង់ទិន្នន័យ វាយតម្លៃ និងជ្រើសរើសភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។
៤/ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព សមភាព និងយកចិត្តទុកបំពេញការអនុវត្តការងារ ដែលក្រសួងបានដាក់ចេញ៕