ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរៀបចំការប្រកួតក្បាច់គុនចម្រុះរបស់ខ្មែរ ដើម្បីគាស់រំលឹកក្បាច់គុនខ្មែរ ដែលមានច្រើនទម្រង់នោះ បានសាធារណៈជនស្គាល់ឡើងវិញ។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃមួយ ខ្ញុំមកពីប្រជុំក្រៅប្រទេស ខ្ញុំអង្គុយមើលកុនមួយ ឃើញទ័ពហាត់ក្បាច់គុនកុងហ្វូ។ អីចឹងខ្ញុំគិតថា ចុះកម្ពុជាយើង មានល្បុក្កតោ មានក្បាច់គុនមួយចំនួន ដើម្បីឱ្យជំរុញច្រើន ជាពិសេស ចូលក្នុងកងទ័ព។ ត្រូវប្រមូលផ្គុំរៀបចំ ពេលនោះ បាន៣ ដូចជា៖ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម ដើម្បីយើងប្រមូលរៀបចំ ធាតុផ្សំផ្គុំជាឯកសារនេះឡើង ហើយឯកសារនេះមិនអាចរស់បានទេ បើគ្មានផែនការនៅក្នុងការជំរុញអនុវត្ត បានយើងបានដាក់ឱ្យអនុវត្ត នៅក្នុងកងទ័ពតែម្តង»។
សម្ដេចធិបតី បន្ដថា បច្ចុប្បន្ននេះ មានការថែរក្សាសមាគមច្រើនណាស់ ល្បុក្កតោ គុនខ្មែរ និងយុទ្ធគុនខម បានដើររស់វើក។
សម្ដេចធិបតី គូបញ្ជាក់ថា «ថ្ងៃមុនខ្ញុំជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនខ្មែរមិនមែនមានតែប៉ុណ្ណឹងទេ អីចឹងត្រូវរកវិធីគាស់ឡើងវិញ ដើម្បីរៀបចំថែរក្សា ទោះបីជាមិនមានអ្នកហ្វឹកហ្វឺនច្រើន ក៏ដោយ ត្រូវថែរក្សាចងក្រង។ កំពុងតែរៀបចំ គិតគូរអំពីការប្រកួតក្បាច់គុនចម្រុះ គេមាន MMA ដែលអាចយកក្បាច់គុននានាទៅប្រកួតបាន តែយើងកំពុងរៀបចំការប្រកួតមួយ គឺសេរី ចម្រុះ តែអនុញ្ញាតឱ្យប្រើតែក្បាច់គុនខ្មែរទេ»៕
