ហ្គាហ្សា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួល អំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងពេញលេញ” បូករួមទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសជាច្រើននាក់ បើសិនជា អ៊ីស្រាអ៊ែលបញ្ឈប់សង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។
ក្រុម ហាម៉ាស់ បានបញ្ជាក់ថា ខ្លួនបានបង្ហាញពីភាពបត់បែន និងវិជ្ជមានក្នុងការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួលពេញមួយជុំ ចរចាដោយប្រយោលពីមុនទាំងអស់ ប៉ុន្តែអ៊ីស្រាអ៊ែលបានប្រើការចរចាទាំងនេះ “ជាការបិទបាំងសម្រាប់ការបន្តការឈ្លានពាន” ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ដោយលើកឡើងពីប្រតិបត្តិការយោធានៅក្រុង Rafah និងការរឹបអូស ដែលនេះជាភស្តុតាង ។
អង្គការ ហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀត នឹងមិនទទួលយកជាផ្នែកមួយនៃ គោលនយោបាយនេះដោយការ បន្តការចរចាតែបន្តិចបន្តួច ហើយ “ការឈ្លានពាន ការសម្លាប់ ការឡោមព័ទ្ធ ការអត់ឃ្លាន និងការប្រល័យពូជសាសន៍នៃប្រជាជនរបស់យើង” នៅតែបន្តកើតមានឡើង ។
ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអ៊ែល Kan បានរាយការណ៍កាលពីថ្ងៃអង្គារថា អ៊ីស្រាអ៊ែលបានប្រគល់ឯកសារ ជាមួយនឹងសំណើរបស់អ៊ីស្រាអ៊ែល ទៅឱ្យប្រទេសកាតា និងអេហ្ស៊ីប ដើម្បីបន្តការចរចារសម្រាប់ការផ្លាស់ប្តូរ អ្នកជាប់ឃុំជាមួយក្រុមហាម៉ាស់ និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
សម្រាប់ជុំចុងក្រោយនៃការចរចា ដោយប្រយោលរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលធ្វើជាម្ចាស់ផ្ទះដោយអេហ្ស៊ីបរយៈពេល ២ថ្ងៃកាលពីដើមខែនេះ បានជាប់គាំងបន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែលទៅលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ។
ការគិតគូរបស់ក្រុមហាម៉ាស់ ក្នុងការស្វែងរកកិច្ចព្រមព្រៀងមួយបានកើតឡើង ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងទីក្រុង Rafah បើទោះបីជាមានការថ្កោលទោស ពីអន្តរជាតិចំពោះការវាយប្រហារ របស់អ៊ីស្រាអ៊ែលក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា