ភ្នំពេញ៖ លោក ផុន ប៉ាវ បានផ្លាស់ប្តូរជីវិត ពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋាន ក្រោយបញ្ចប់ជំនាញបច្ចេកទេស ជួសជុលយានយន្ត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា «NPIC»។

លោក ផុន ប៉ាវ ដែលជាកូនកសិករមកពីខេត្តតាកែវ ធ្លាប់តែពឹងផ្អែកខ្លាំង លើការធ្វើកសិកម្ម បានគូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេស បានផ្លាស់ប្ដូរជីវិតរបស់លោកជាខ្លាំង ពិសេសអាចឲ្យលោករកចំណូលបានជាប្រចាំ ។
លោកបញ្ជាក់ថា៖ «គ្រួសារខ្ញុំនៅតែធ្វើកសិកម្ម តែគាត់មិនសូវពឹងខ្លាំងលើកសិកម្មដូចពីមុនទេ ។ តាំងពីខ្ញុំបើកយានដ្ឋាននេះ មកជាទូទៅវាអត់ស្ងាត់ទេ គឺមានភ្ញៀវរហូត ចំណូលមានរាល់ថ្ងៃគ្រាន់តែតិច ឬច្រើន» ។

ទន្ទឹមនេះ លោក ផុន ប៉ាវ បានគូសបញ្ជាក់ទៀតថា សង្គមបច្ចុប្បន្ន ត្រូវការអ្នកមានជំនាញច្បាស់លាស់ ដូច្នេះការមានជំណាញណាមួយ ក៏ដោយសុទ្ធសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសំខាន់ សម្រាប់ការអភិវឌ្ឍន៍សង្គម។ បន្ថែមលើនេះ លោក ផុន ប៉ាវ ក៏បានបំផុសគំនិតយុវជន ដែលមិនទាន់មានជំនាញច្បាស់លាស់ គួរងាកមកចាប់យកជំនាញណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារ និងខ្លួនឯង ទៅថ្ងៃអនាគត ៕




