ព័ត៌មានជាតិ

កុមារគឺជាធនធាន ដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគត

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងថាកុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិ​ នាពេល​អនាគត​ ហេីយកុមារគឺជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។

ក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា នៅសាលបណ្ណាល័យកំពង់ស្ពឺ នៅថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០២៤លោក​ វ៉ី​ សំណាង​ បញ្ជាក់ថាបើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបានលុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្សឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី រីឯកុមារវិញក៏ដូចគ្នាដែរ កុមារត្រូវការ ការការពារ ការចិញ្ចឹមបីបាច់ថែរក្សា ទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹងនិងសម្រួចតាំងពីនៅក្មេងៗ។

លោក វ៉ី សំណាង បានលើកឡើងថាកុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិកាស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។តែក៏ត្រូវប្រឆាំងដាច់ខាត រាល់ការរើសអើង ការជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្មនិងផ្លូវភេទលើកុមារផងដែរ។ជាងនេះទៅយើងទាំងអស់គ្នាក៏ត្រូវប្តេជ្ញាចិត្តឱ្យបានខ្ពស់ ដើម្បីបញ្ចប់ទម្រង់ធ្ងន់នៃពលកម្មកុមារ ជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ ទម្រង់ធ្ងន់នៃពលកម្មកុមារ នៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារ នៅក្នុងប្រទេសកម្ពុជាតែម្តង។

លោក វ៉ី សំណាង បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗ បាននិងកំពុងតែផ្តោត ការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារនិងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិង គោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានា ពាក់ព័ន្ធនឹងសិទ្ធិកុមារ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោល នយោបាយជាតិស្តីពីប្រព័ន្ធកិច្ច ការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។

ទន្ទឹមនោះ អភិបាលខេត្តកំពង់ស្ពឺក៏បានក្រើនរំឭក ទៅដល់ភាគីពាក់ព័ន្ធត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕
ដោយ៖សុខសុភ័ណ្ឌ

To Top