ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផលជូនប្រជានេសាទ ក្នុងរដូវបិទនេសាទ !

ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និង លិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាបមាននៅក្នុងឃុំពង់លួង ស្រុកក្រគរ និង ឃុំផ្សេងៗទៀតស្ថិតក្នុងស្រុកកណ្តៀង និង ស្រុកបាកាន នៃ ខេត្តពោធិ៍សាត់ក្នុងរដូវបិទនេសាទ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទសម្រាប់ខេត្តពោធិ៍សាត់គឺរដូវបិទនេសាទចាប់ផ្តើមពីថ្ងៃទី ១ ខែ មិថុនា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៤។

លោកអភិបាលខេត្តក៍បានស្នើរដល់ប្រជានេសាទទាំងអស់ត្រូវចូលរួមគោរពច្បាប់ស្តីពីជលផលអោយបានគ្រប់ៗគ្នាដើម្បីចូលរួមថែរក្សានូវធនធានមច្ឆាជាតិអោយបានគង់វង្សតកូនតចៅ។ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានជម្រុញអោយមន្ត្រីជំនាញ និង ស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតំបន់បឹងទន្លេសាបក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង បង្រ្កាបនូវបទល្មើសជលផលនេះបន្ថែមទៀត ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជានេសាទ និង ប្រជាពលរដ្ឋអោយបានទូលំទូលាយ។លោកអភិបាលខេត្តក៍បានណែនាំដល់ប្រជានេសាទចំនួន ៤ ចំណុចក្នុងរដូវបិទនេសាទឆ្នាំ ២០២៤នេះគឺ:១-ហាមនេសាទដោយប្រើឧបករណ៍ស្បៃមុងជាដាច់ខាត-២-ត្រូវរុះរើរបាំងអោយអស់ក្នុងរដូវបិទនេសាទ-៣-ត្រូវជួយថែរក្សាព្រៃលិចទឹក កុំនាំគ្នាកាប់បំផ្លាញព្រៃដើម្បីធ្វើគន្លងលប និង ទី ៤ កុំចាប់ត្រីមេពូជទុកអោយវាពងកូន ហើយនៅក្នុងរដូវបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណះគ្រួសារដែលមានចែងនៅក្នុងប្រកាសលេខ ៤៥៨ ប្រក/កសកចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១២ របស់ក្រសួងកសិកម្ម។

ជាមួយគ្នានោះ លោកខូយ រីដា អភិបាលខេត្តក៍បាននាំមកនូវវត្ថុកំដរដៃមានជាសារុងមកចែកជូនបងប្អូនកូនគ្មួយជាប្រជានេសាទដែលអញ្ជើញមកចូលរួមប្រមាណជិត ២០០ នាក់ក្នុងម្នាក់ៗសារុង ១ ផងដែរ៕

To Top