ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ មិថុនានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យទីតាំង ប្រារព្ធពិធីនៅវត្តឧណ្ណាលោម និងទីតាំងថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី ដើម្បីអោយព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំអោយអភិបាលរដ្ឋករស្វយ័តគ្រប់គ្រងសំរាម និងកាកសំណល់រឹង រាជធានីភំ្នពេញ ចាត់ចែងសំអាតអនាម័យ បរិសា្ថននៅទីតាំងព្រះរាជពិធី និងនៅតាមតម្រាយផ្លូវអោយបានស្អាត។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវរក្សាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៃព្រះរាជពិធីនេះ។
សូមបញ្ចាក់ថា ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង ០៦:០០នាទីព្រឹក ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕









