កំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងផលប៉ះពាល់យូរឆ្នាំដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ។
លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានបង្ហូរកាកសំណល់ និងទឹកផលិតផ្លែស្វាយចេញពីរោងចក្រឱ្យចូលមកតាមប្រឡាយដែលស្ថិតនៅក្បែរនោះហេីយកាកសំណល់ និងទឹកចេញពីរោងចក្របានបង្កជាក្លិនស្អុយជះចូលទៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋពិបាកទ្រាំរស់នៅ។ភូមិចំនួន៥មានភូមិ ព្រៃពង្រ កប់ចិន ទួលធ្យុង ត្រពាំងឬស្សី និងបុរីសៀងហុង បានទទួលរងផលប៉ះពាល់ពីក្លិនស្អុយនេះរាប់ឆ្នាំមកហើយ។
កន្លងមកអាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ដោះស្រាយជាមួយម្ចាស់រោងចក្រម្តងរួចហើយ ដោយក្នុងនោះម្ចាស់រោងចក្រសន្យាថា នឹងពន្លឿនធ្វើការរៀបចំឱ្យប្រសើរឡើងវិញក្នុងការទុកដាក់កាកសំណល់ និងមិនបង្ហៀរទឹកស្វាយឱ្យចេញពីរោងចក្រមកក្រៅឡើយ។
ក្នុងនោះរោងចក្រនឹងដាក់ថ្នាំចូលទៅក្នុងទឹកដើម្បីបំបាត់ក្លិនមិនឱ្យស្អុយទៀតឡើយ។ ប៉ុន្តែការសន្យាបានត្រឹមសន្យា គ្មានសកម្មភាពអនុវត្តឱ្យប្រសើរឡើងឡើយ។
ការណ៍នេះប្រជាពលរដ្ឋនៅតែទទួលរងគ្រោះដោយក្លិនស្អុយនេះដដែល។
ជុំវិញការសុំកិច្ចអន្តរាគមន៍នេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ចាន់ថេត ថានរៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ថា លោកនឹងចាត់មន្ត្រីការិយាល័យជំនាញសហការជាមួយគណបញ្ជាការឯកភាពខេត្ត ស្រុកចុះពិនិត្យ និងដោះស្រាយបន្ទាន់នៅថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការរស់នៅ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទាំង៥ភូមិ។
សូមរំលឹកថា ករណីដែលបង្កក្លិនស្អុយចេញពីរោងចក្រដំណាប់ស្វាយនេះ កើតមានច្រើននៅតាមទីតាំងដែលមានរោងចក្រនេះ ក្នុងនោះអាជ្ញាធរស្រុកឱរ៉ាល់ក៏បានសុំកិច្ចអន្តរាគមន៍ពីមន្ទីរជំនាញដូចគ្នាដែរ គ្រាដែលពលរដ្ឋរបស់ខ្លួនរស់នៅក្បែរទីតាំងរោងចក្រចំនួន៣កន្លែង ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ២៨ តំបន់អូរប្រុង តាមបណ្តោយផ្លូវជាតិ៤៤ ក៏បង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ និងអ្នកធ្វើដំណើរឆ្លងកាត់ ហើយជាងនេះទឹកស្វាយដែលហូរចូលទៅក្នុងអូរកំពុងបំផ្លាញ និងសម្លាប់ជីវៈចម្រុះនៅក្នុងទឹកអូរនោះផងដែរ៕ ដោយ:សុខសុភ័ណ្ឌ







