ព័ត៌មានជាតិ

៧ថ្ងៃ​ សមត្ថកិច្ចបង្ក្រាប​ ក្មេងទំនើងជាង ២៤០នាក់បន្ថែមទៀត

ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្របខណ្ឌ ក្រសួងមហាផ្ទៃ បន្តបង្ក្រាបបានក្មេងទំនើង ចំនួន៦៨ករណី និងឃាត់ខ្លួនសរុប ចំនួន២៤១នាក់បន្ថែមទៀត តាមបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៧ថ្ងៃនេះ កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តបង្ក្រាបក្រុមក្មេងទំនើងចំនួន៦៨ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២៤១នាក់ នៅតាមភូមិសាស្រ្តរាជធានី ខេត្តចំនួន ១៣រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិសាត់ ព្រៃវែង កោះកុង ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តតាកែវ ។ កសរបង្ក្រាបសកម្មភាពក្មេងទំនើងភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចំនួន២១ករណី ស្មើនឹង៤៩នាក់ កណ្តាលចំនួន ៥០នាក់ បន្ទាយមានជ័យចំនួន៣១នាក់ និងខេត្តស្វាយរៀងចំនួន២៣នាក់។

ចំពោះប្រសិទ្ធភាព នៃការបង្ក្រាបក្មេងទំនើងយ៉ាងសកម្មនៅទូទាំងប្រទេសនេះ តើក្រុមក្មេងទំនើងទាំងនោះនឹងប្រឈមមុខវិធានការអ្វីខ្លះ បន្ទាប់ពីសមត្ថកិច្ច ចាប់ឃាត់ខ្លួន? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពួកគេនឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

បើតាមអ្នកនាំពាក្យរងដដែល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុក ដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេង ទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការ រយៈពេល៧ថ្ងៃមកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋាន រាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេង ទំនើងដែលឃាត់ ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។

គួររម្លឹកបញ្ជាក់ផងដែរ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែសភា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាល ខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់ បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវ ឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ៧ថ្ងៃក្រោយ បន្ទាប់ការចេញបញ្ជាដ៏មុតមាំ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សមត្ថកិច្ចបាន បង្ក្រាបក្មេងទំនើង សរុបចំនួន ៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់ កើនខ្ពស់ជិត២ដងធៀបនឹង កិច្ចប្រតិបត្តិការកន្លង ទៅផងដែរ ៕

To Top