ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែមានសារសំខាន់ ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារសំខាន់ ដល់សកលលោកទាំង មូលផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក កាលពីសៀលថ្ងៃទី២ មិថុនា នៅសិង្ហបុរី នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើការចែករំលែ កទស្សនៈមួយចំនួន លើបញ្ហាសំខាន់ ដែលអាចមានឥទ្ធិពលលើទិសដៅ នៃកិច្ចសហប្រតិបត្តិការ ការពារជាតិ អាមេរិក-អាស៊ាន។
នាយឧត្តមសេនីយ៍បញ្ជាក់ថា អាមេរិក គឺ ជាដៃគូដ៏រឹងមាំរបស់អាស៊ាន ហើយកិច្ចសហប្រតិបត្តិការ បានចាប់ផ្តើមដោយ ឈរលើគុណតម្លៃ និងប្រយោជន៍រួម។ ទាំងអាស៊ាននិងអាមេរិក គឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការការពារនិងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដោយនេះបានបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញឲ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាព របស់ប្រជាជាតិទាំងអស់ នៅក្នុងពិភពលោក។
នាយឧត្តមសេនីយ៍ ទៀ សីហា សង្កត់ធ្ងន់ថា «សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែមានសារសំខាន់ ចំពោះតែអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារសំខាន់ដល់សកលលោកទាំងមូលផងដែរ។ កិច្ចសហប្រតិបត្តិការការពារជាតិ អាស៊ាន-អាមេរិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពរបស់តំបន់ ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងដើម្បីឈានដល់ការសម្រេចចក្ខុវិស័យរួម នៃតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព ។ កម្ពុជាគាំទ្រតួនាទីនិងការរួម ចំណែករបស់អាមេរិក នៅក្នុងកិច្ចការតំបន់ និង កិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ាន ក្រោមក្របខ័ណ្ឌភាពជាដៃ គូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ អាស៊ាន-អាមេរិក»។
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-អាមេរិក នាឱកាសនោះ លោក ឡយដ៏ អូស្ទីន រដ្ឋមន្ត្រីការពារជាតិ អាមេរិកក៏បានបញ្ជាក់ថា អាមេរិកនៅតែមានការប្តេជ្ញាចិត្ត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ បណ្តប្រទេសអាស៊ាន ដើម្បីស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ។
អាមេរិកនឹងបន្តជាដៃគូ សំខាន់របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ក្នុងនោះរួមមាន ៖ ការកសាងសមត្ថភាព សម្រាប់អាស៊ាន និង កម្មវិធីនាយទាហានជំនាន់ក្រោយ និងកម្មវិធីស្រ្តីនៅក្នុងសន្តិភាព និងសន្តិសុខ ៕