ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឈានចូល ក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈទិដ្ឋភាពសន្តិសុខ បច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិន ប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួល យ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន។

ការលើកឡើងនេះ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលប្រព្រឹត្តទៅ នៅសិង្ហបុរី។

ក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា បើទោះជាការប្រឈមមុខ ផ្នែកយោធាដោយផ្ទាល់ទំនង ជាមិនអាចកើតឡើងក្តី ក៏ហានិភ័យនៃជម្លោះ កើតឡើងជាយថា ហេតុ និងការរីករាលដាលកំពុង តែកើនឡើង ជាពិសេសដោយ សារតែបញ្ហាក្តៅជាច្រើន បានកំពុងកើតឡើង និងលទ្ធភាពនៃការវាយតម្លៃស្ថានការណ៍ខុស ។

នាយឧត្តមសេនីយ៍បន្កថា បញ្ហាសន្តិសុខដែលជាកង្វល់ចំពោះមុខ គឺមានច្រើននិងបន្តបង្កឲ្យមានផលវិបាកយូរអង្វែង ដោយបញ្ហាទាំងនោះមានដូចជា ការកើនឡើង នូវបញ្ហាសន្តិសុខមិនប្រពៃណី និងភាពងាយរងគ្រោះនៃសន្តិសុខ មនុស្សពាក់ព័ន្ធនឹងបញ្ហាដូចជា បម្រែលបម្រួលអាកាសធាតុ ធនធានទឹក សន្តិសុខស្បៀង ថាមពល និងជំងឺឆ្លង អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ក៏ដូចជាហានិភ័យ នៃការគំរាមកំហែង សន្តិសុខប្រពៃណីរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជម្លោះទឹកដីដែលមិនទាន់មានដំណោះស្រាយ និងការបន្តរីករាលដាល នៃការប្រណាំងប្រជែងសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាដែលមិន មានការគ្រប់គ្រងជាដើម។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការកសាងកិច្ចសហប្រតិបត្តិការ សន្តិសុខ មានសារសំខាន់សម្រាប់សន្តិភាព និងសន្តិសុខ ការលើកកម្ពស់នូវយន្តការពហុភាគីនិយម ដែលមានស្រាប់ដូចជាកិច្ច សហប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូល នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ ៕
