ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច ស្ថិតក្នុងក្រសែភ្នែក អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដាច់ដោយឡែកជាមួយមេដឹកនាំសំខាន់ៗកម្ពុជា ៣រូប គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៤ មិថុនា។ នេះបើសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាថ្ងៃ៤ មិថុនា ចេញផ្សាយស្របពេលមកដល់របស់លោក ឡយ អូស្ទីន។
បើតាមសេចក្តីប្រកាសដដែលបញ្ជាក់ថា “នេះគឺជាការបំពេញទស្សនកិច្ចផ្លូវការ ជាប្រវត្តិសាស្ត្រលើកដំបូង របស់ប្រមុខការពារជាតិអាមេរិករូបនេះ នៅកម្ពុជា”។
ប្រភពបន្តថា ក្នុងជំនួបជាមួយកំពូលថ្នាក់ដឹកនាំកម្ពុជា ជាមួយរដ្ឋមន្រ្តីការជាតិអាមេរិក គឺផ្តោតសំខាន់លើការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។
ក្រសួងថា ដំណើរទស្សនកិច្ចផ្លូវការលោក ឡយ អូស្ទីន នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រសួងការពារជាតិអាមេរិក និងកងយោធវាលខេមរភូមិន្ទ ក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឲ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។
សូមបញ្ជាក់ថា មុនមកដល់កម្ពុជានេះ គឺលោក ឡយ អូស្ទីន ក៏បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃទី២ មិថុនា នៅប្រទេសសិង្ហបុរីផងដែរ ៕