ភ្នំពេញ ៖ លោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍ សមាគមអភិវឌ្ឍន៍ សេដ្ឋកិច្ចចិន-អាស៊ី កាលពីពេលថ្មីៗនេះ បានផ្ដល់ជំនួយឧបករណ៍ តេស្តទឹកមូត្ររកសាធាតុញៀនចំនួន ១៣ម៉ឺនតេស្ត ជូនក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការធ្វើតេស្ត រកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ជំនួយឧបករណ៍តេស្តរកសាធាតុញៀន ទាំងនោះ ត្រូវបានភាគីសមាគមចិន ផ្ដល់ជូនក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃ ជំនួបបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាត ជូនលោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍ សមាគមអភិវឌ្ឍន៍ សេដ្ឋកិច្ចចិន-អាស៊ី និងសហការី ចូលជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃ២ មិថុនា។
ក្នុងជំនួបនោះ បណ្ឌិត ស សុខា បានថ្លែង អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ជានិច្ចជាកាលបានផ្ដល់ ការគាំទ្រជាច្រើនវិស័យដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជំនួយឧបករណ៍ តេស្តដែលសមាគមចិនបានផ្ដល់ជូននោះ ថាជាសក្ខីភាពថ្មីមួយទៀត បញ្ជាក់ពីការយកចិត្តទុកដាក់របស់មិត្តចិន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា។
សូមបញ្ជាក់ថា ជំនួយឧបករណ៍តេស្តដែលទទួលបានពីភាគីចិន រួមទាំងឧបករណ៍ដែលក្រសួងមានស្រាប់ត្រូវបានបណ្ឌិត ស សុខ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ខណៈក្រសួងបានដាក់ផែនការ ធ្វើតេស្តរកសាធាតុញៀនលើមន្រ្តីនិងកងកម្លាំងដូចភ្លៀងរលឹម។ នេះបើតាមអ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ៕