ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលព័ត៌មានមិនពិតថា មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ បានដោះលែងជាថ្នូរ៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ មិថុនា បានច្រានចោលចំពោះព័ត៌មានមិនពិតថា មេធំជួញដូរគ្រឿងញៀននៅក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិនត្រូវបានដោះលែង ជាថ្នូរនឹងថវិកា៥០លានដុល្លារ ។

ការលើកឡើងរបស់មន្ទីរប្រឆាំងគ្រឿងញៀននេះ បន្ទាប់ពីមានក្រុមអនាមិកបានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ឈ្មោះ Chean Dorn ផ្សព្វផ្សាយព័ត៌មានមិនពិត និងខំមិន ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំ បង្កឲ្យមានការភ័ន្តច្រឡំមកលើអង្គភាពអនុវត្តន៍ច្បាប់ថា «មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន៥០ម៉ឺនដុល្លារ ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយនឹងគ្រឿងញៀន៧គីឡូក្រាម»។

ចំពោះករណីនេះ មន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈសេចក្តីប្រកាសព័ត៌មានបានបកស្រាយថា កាលពីថ្ងៃ១ មេសា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីតាំងក្លិបកំសាន្ត ថាំងហ៊ួយក្លិប-KTV ផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានឃាត់ខ្លួនមនុស្សចំនួន១១១នាក់ ក្នុងនោះជនជាតិខ្មែរ១៤នាក់ ជនជាតិចិន៥៤នាក់ ជនជាតិវៀតណាម៣៩នាក់ ជនជាតិកូរ៉េ២នាក់ និងជនជាតិម៉ាឡេស៊ី២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន៦គីឡូក្រាម ៣៨៨.៥៧ក្រាម។ ក្នុងនោះក៏មានឈ្មោះ លី ភីនជាំង ជនជាតិចិនផងដែរ ប៉ុន្តែពុំមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដោយគ្រាន់តែធ្វើការអប់រំ និងឲ្យអាណាព្យាបាលទទួលយកទៅលំនៅដ្ឋានវិញ ។

លិខិតបញ្ជាក់ថា “ឈ្មោះ លី ភីនជាំងនេះ ក៏ពុំមែនជាមេខ្លោងគ្រឿងញៀន ឬជាប់ពាក់ព័ន្ធបទល្មើសនោះទេ ដោយសារវត្ថុតាំងគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកពុំបានចាប់យកផ្ទាល់ពីឈ្មោះឈ្មោះ លី ភីនជាំង នោះទេ ហើយពុំមែនជាម្ចាស់វត្ថុគ្រឿងញៀននោះដែរ។ ឈ្មោះ លី ភីនជាំង នេះបានចូលរួមធ្វើសាក្សីនៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ឈ្មោះ លី ភីនជាំង ពុំមែនជាម្ចាស់ទីតាំង ឬជាបុគ្គលិកបំរើការងារនៅក្នុងKTV ថាំងហ៊ុយនេះទេ តាមការពិតឈ្មោះនេះជាភ្ញៀវមកកំសាន្តនៅក្នុងទីតាំងខាងលើ ចំពេលសមត្ថកិច្ចយើងចុះបង្ក្រាប”៕

To Top