ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃទី ៤ ខែមិថុនា បានប្រកាសថា ខេត្តចំនួន ៦នឹងត្រូវបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលត្រឹមឆ្នាំ ២០២៤ នេះ ។
លោករដ្ឋមន្ត្រីបានបញ្ចាក់ថា ខេត្តទាំង៦ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនាពេលខាងមុខរួមមាន÷ ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប រតនគិរី និងព្រះសីហនុ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តចំនួន ៧ហើយ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលរួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។
មួយវិញទៀត ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រះសីហនុគ្រោងនឹងធ្វើការប្រកាសខេត្តព្រះសីហនុជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅថ្ងៃទី១៣ ខែមិថុនា សប្តាហ៍ក្រោយនេះ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា” អញ្ជឹងខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនឹងកើនឡើងដល់ ១៣ត្រឹមបំណាច់ឆ្នាំនេះ ហើយប្រាកដហើយថា ចុងអាណត្តិនេះ គឺគ្រប់ខេត្តទាំងអស់នឹងទទួលបានជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលតែម្តង”៕


