ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាជាឱឡារិកថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹង បម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លា របស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកប ដោយប្រសិទ្ធភាពតួនាទី និងភារកិច្ចរបស់ខ្លួន។
ការប្តេជ្ញានេះ បន្ទាប់ពីលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃ២៦ ឧសភា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ ។
តាមរយៈសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៤ មិថុនា គណបក្សបានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានប្រកាស។ លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំង ស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា របស់ប្រជាជនកម្ពុជា តាមរយៈសមាជិក សមាជិកានៃក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ខ្លួន នៅគ្រប់មូលដ្ឋាន ក្នុងការបន្តជំរុញ ឲ្យបានកាន់តែខ្លាំងក្លាឡើងនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព រស់នៅរបស់ខ្លួន។
គណបក្សប្រជាជនកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល គណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបានជួយគាំទ្រ យ៉ាងសកម្មដល់ដំណើរ ការរៀបចំការ បោះឆ្នោតឲ្យប្រព្រឹត្ត ទៅយ៉ាងរលូនប្រកបដោយជោគជ័យ។
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាជាឱឡារិកថា «ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា នឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម សកម្មក្នុងការសម្រេចគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ» ។
គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា គណបក្សនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ, ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ, លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ និង បន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើង ធ្វើឱ្យប្រជាជនមានជីវភាព កាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ក្នុងសង្គមប្រកប ដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌ ៕