ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម រយៈពេល ៣ថ្ងៃ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញ​ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ទៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោកនាថ្ងៃទី៥ មិថុនានេះ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ឯកបម្រុង ច្រៀង កនគ្រឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី ឧត្តមសេនីយ៍ឯក ង្វៀន ប៉ាន់ទៀ (Nguyen Van Nghia) ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺនឹងបង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរអង្វែង ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក៏ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ប្រជាជននៃប្រជាជាតិទាំងពីរផងដែរ” ៕

To Top