ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គុយបាអាចយកបច្ចេកទេស ផលិតស្រូវពីកម្ពុជាទៅអនុវត្តន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទូតគុយបាថា គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង។

នាឱកាស អនុញ្ញាតឱ្យ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគម្រោងជួយគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖

ទី១-វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀងដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។

ទី២-ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្ត សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។

លោកស្រីទូត បានចាត់ទុកថាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវដែលបានចាប់ផ្តើម ដោយគណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញវិស័យផលិតស្រូវនៅក្នុងប្រទេសគុយបាផងដែរ៕

To Top