ព័ត៌មានជាតិ

ទូតកូរ៉េ សន្យានឹងរៀបចំឱ្យមានជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រមុខដឹកនាំ​ឥស្សរជន របស់ខ្លួន នៅខែកញ្ញាខាងមុខ

ភ្នំពេញ៖ លោក ផាក ជុងវុក (Park Jung-wook)  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា នឹងរៀបចំឱ្យមានជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រមុខដឹកនាំ​ឥស្សរជន របស់ខ្លួន ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកផាក ជុងវុក បានសម្តែងការរីករាយ ដោយក្រុមមិត្តភាព អន្តរសភាកូរ៉េ-កម្ពុជា ត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញ ទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ។

លោកសន្យាថានឹងរៀបចំឱ្យមានជំនួបនានា ជាមួយប្រមុខដឹកនាំ​ឥស្សរជន របស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនេះ។

សម្តេច ក៏បានបង្ហើបពីបំណងចូលជួប ជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថា ជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ច របស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។

សម្ដេចតេជោ ក៏បានសម្ដែងសេចក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ច របស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោក នាពេលខាងមុខនេះ សម្ដេចនឹងមានឱកាស បានជួបជាមួយនឹង ប្រធានាធិបតី ក៏ដូចជាប្រធានសភាជាតិថ្មី នៃសាធារណរដ្ឋកូរ៉េ ផងដែរ ៕

To Top