តូក្យូ៖ ប្រភពព័ត៌មានមួយបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាដំណើរទស្សនកិច្ច ទៅកាន់ប្រទេសម៉ុងហ្គោលី ក្នុងខែសីហា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូ ក្នុងការជំរុញកិច្ចចរចា ដែលជាប់គាំងជាមួយកូរ៉េខាងជើង លើបញ្ហានៃការចាប់ពង្រត់ ជនជាតិជប៉ុនកាលពីអតីតកាល។
បើដឹងមែន វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ របស់មេដឹកនាំជប៉ុនទៅប្រទេសអាស៊ីកណ្តាល ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង។ ប្រទេសជប៉ុន ដែលមិនមានទំនាក់ទំនងការទូតជាមួយទីក្រុងព្យុងយ៉ាង តែងតែសម្លឹងទៅរកម៉ុងហ្គោលី ដើម្បីដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយ បញ្ហាការចាប់ពង្រត់។
ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចដែលរំពឹងទុកនៅក្នុងពាក់កណ្តាលដំបូងនៃខែសីហា លោក គីស៊ីដា សង្ឃឹមថានឹងជួបជាមួយ ប្រធានាធិបតីម៉ុងហ្គោលី Ukhnaa Khurelsukh និងស្នើសុំកិច្ចសហប្រតិបត្តិការរបស់លោក ក្នុងការដោះស្រាយបញ្ហាជនជាតិជប៉ុន ដោយភ្នាក់ងារកូរ៉េខាងជើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០។
លោកត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីតម្រូវការក្នុងការនាំយកជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈដែលសាច់ញាតិរបស់អ្នក ដែលត្រូវបានចាប់ពង្រត់មានវ័យចំណាស់ ហើយអំពាវនាវឱ្យមានការគាំទ្រ លើការជំរុញរបស់លោក ដើម្បីបង្កើតកិច្ចសន្ទនាទ្វេភាគី “កម្រិតខ្ពស់” ជាមួយកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន។
ធាតុផ្សេងទៀតនៅក្នុងរបៀបវារៈទំនងជានឹងរួមបញ្ចូលការ ពង្រីកពាណិជ្ជកម្មរ៉ែសំខាន់ៗ និងការវិនិយោគរបស់ជប៉ុន នៅម៉ុងហ្គោលី ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរបស់ពួកគេ ដែលមានប្រសិទ្ធភាពចាប់តាំងពីឆ្នាំ២០១៦៕
ប្រែសម្រួល ឈូក បូរ៉ា