ព័ត៌មានជាតិ

សម្ដេចធិបតី ជឿជាក់ថា អង្គមហាសន្និបាតសភា យុវពាណិជ្ជករអន្តរជាតិ នឹងផ្ដល់ឱកាសស្វែងយល់ ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតសភា យុវពាណិជ្ជករ អន្តរជាតិទាំងមូល នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ ការសម្របសម្រួល ក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានបទ(Rising Together) នេះពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗ ជាដើម ។ ជាការពិតណាស់ កាលៈទេសៈលំបាកបែបនេះ ងាយស្រួលនឹង ធ្វើឱ្យយើងបាត់បង់នូវក្តីសង្ឃឹម ហើយថែមទាំងអាច ឱ្យយើងក្លាយ ជាមនុស្សបុគ្គលនិយម ។

សម្ដេចធិបតី បន្ដថា កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើង ភ្លេចផងដែរថា អនាគតរបស់យើងអាស្រ័យ ទៅលើយុវជន គ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថា ពិភពលោកទាំងមូល ជាពិសេស យុវជនគ្រប់ៗរូប ក៏ចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នា រួមក្នុងជោគវាសនាតែមួយ ហើយមានតែកិច្ចខិតខំ ប្រឹងប្រែង ជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាង នូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន។ ក្នុងស្មារតីនេះ សូមក្រើនរំលឹក ទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយ ជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ ។ អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្ត ជាកត្តាដែល នឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាច ឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បាន ឬមិនបាន។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់អំពីតួនាទី ដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគត ដ៏ត្រចះត្រចង់មួយរបស់កម្ពុជា ។ កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្ន ជាជាតិមួយមានសន្តិភាព ពេញលេញ ហើយប្រាង្គប្រាសាទ ដ៏ល្អឯកដូចជាប្រាសាទ អង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ ស្អាតរបស់យើង បាននិងកំពុងទាក់ ទាញភ្ញៀវទេសចររាប់លាននាក់ មកទស្សនាជារៀងរាល់ឆ្នាំ ។ បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផល ដែលកើតចេញពីការ លះបង់គ្រប់បែបយ៉ាង របស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនា ទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និង ប្រកបដោយស្នាមញញឹម ។ ពេលនេះ ជាពេលវេលា របស់យើងទាំងអស់គ្នា ដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់កន្លងមក ដើម្បីបង្កើតនូវទំព័រ ប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយ ដែលទស្សនៈរបស់យើង មិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុ ដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការ ដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួម ចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាព ជោគជ័យ ព្រមទាំងបានគូសរំលេច អំពីអភិក្រម ដែលកម្ពុជាជ្រើសរើស ក្នុងការអភិវឌ្ឍយុវជន។

សម្តេចធិបតី សង្ឃឹមជឿជាក់ថា «អង្គមហាសន្និបាតទាំងមូលនឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ ជាមួយគ្នា អង្គមហាសន្និបាតនេះ នឹងក្លាយជាកាតាលីករ សម្រាប់ការបំផុស គំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើង សាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាព»៕

To Top