ខេត្តកំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតសរុបចំនួន ៣៧នាក់ ស្រីចំនួន ១៣នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ ដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក លោក រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបាន ដែលជាការចូលរួម ចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការ គ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន:។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក សេចក្តីស្រឡាញ់និងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង ដែលរួមមាន៖
ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម
ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ព្រមទាំងការអប់រំផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព
ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។
ទី៤. ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងមន្ដ្រី ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតទាំងអស់ ដូចខាងក្រោម៖
១/ ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
២/ មន្ដ្រីរាជការគ្រប់រូបត្រូវបន្ដខិតខំអភិវឌ្ឍន៍សមត្ថភាព បន្ថែមទៀត ដើម្បីបំពេញគុណវុឌ្ឍិជាមន្ដ្រីរាជការ អាចបំពេញតួនាទី ភារកិច្ចប្រកបដោយសុចរិតភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
៣/មន្ដ្រីរាជការទាំងអស់ត្រូវរៀនផ្លាស់ប្ដូរផ្នត់គំនិត មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព និងសមភាព។
៤/ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់លើការថែទាំអគារមន្ទីរ ថែទាំ និងសម្អាតអនាម័យទាំងក្នុងបរិវេណមន្ទីរ និងក្នុងអគារ ដើម្បីធានាបានទីកន្លែងបំពេញការងារដែលមានអនាម័យល្អ ប្រកបដោយផាសុកភាព៕