ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ស្ទើរតែគ្រប់ទីកន្លែង ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា សម្ដេចធិបតី បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន ដែលមានភាពចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ លើបច្ចេកវិទ្យាដែល កំពុងលេចឡើងថ្មីដែលអាចមាន ឥទ្ធិពលកែប្រែពិភពលោក។
សម្ដេចធិបតីគូសបញ្ជាក់ថា «ជាការពិតយើងអាចមើលឃើញ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងជីវិតរបស់យើងដើរជាកិច្ចការសាមញ្ញៗ ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម។ ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា៖ បញ្ហាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពស្មើគ្នា, កង្វល់អំពីឯកជនភាពនៃទិន្នន័យ និងតម្រូវការនៃការបណ្ដុះបណ្តាលជំនាញឡើងវិញ»។
សម្ដេចធិបតីបន្ដថា ជាការពិតមនុស្សជាតិ កំពុងឈានជើងចូលទៅក្នុងពិភពមួយ ដែលមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយត្រូវបោះជំហានទៅមុខ ប្រកបដោយការប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនេះ សម្តេចគូសរំលេចអំពីគោលការណ៍ សំខាន់ពីរដែលសម្តេចគិតថា អាចជួយតម្រង់ទិស នៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និង បញ្ញាសិប្បនិម្មិត និយាយដោយឡែក។
សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា សម្តេចសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល» ។ ពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះ ក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និង ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើ ដល់មនុស្សជាតិ៕