ព័ត៌មានជាតិ

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក តែត្រូវបម្រើចំពោះមុខងារ ក្នុងគោលដៅត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារ ឲ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ។

នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដឹកនាំដោយ លោក Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម នាថ្ងៃទី៧ មិថុនា សម្តេចធិបតី គូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់ រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។

ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា «បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារ ឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស»។

សម្តេចធិបតីសង្កត់ធ្ងន់ថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើន ដល់សង្គមជាតិទាំងមូលដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារៈសំខាន់ សម្រាប់អនុញ្ញាតឲ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានរុងរឿងបន្ថែមទៀត តាមរយៈការចូលរួមពីបច្ចេកវិទ្យា។

សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញបច្ចេកវិទ្យា អាចបំពេញតួនាទីបានល្អប្រសើរ ៕

To Top