ព័ត៌មានជាតិ

សម្តេចធិបតី៖ ការចាប់យកបញ្ញាសិប្បនិម្មិត ត្រូវស្ថិតក្នុងដែនកំណត់មួយ ដោយគិតគូរពីសីលធម៌ និងតម្លៃសង្គម

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ត្រូវស្ថិតក្នុងដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ព្រោះសាធារណជនទូទៅ បានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភ។

នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា សម្ដេចធិបតី មានប្រសាសន៍ថា «ការចាប់យក បញ្ញាសិប្បនិម្មិត ត្រូវស្ថិតក្នុងដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និង ការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត»។

សម្ដេចធិបតីបន្ដថា ប្រសិនបើគ្មានការអប់រំ ជំនាញជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ នៅក្នុងការបែងចែករវាងព័ត៌មាន ក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ពេលខ្លះការវិវត្តបែបនេះ បែរជាបង្កឲ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល។ ការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយាយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឲ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និងអស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពផងដែរ៕

To Top