ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបង់ក្លាដេស នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ គឺមុនពេលដែលលោកឯកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិការងារនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាស្តីពីអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសដែលភាគីទាំងពីរបានសហការជាមួយគ្នាកន្លងមកដើម្បីអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា និងបង់ក្លាដេសនឹងអាចបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕









