ភ្នំពេញ៖ មេសហជីពនៅកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់ ថាមានភាពលម្អៀងដោយមិនអាចទទួលយកបាននិងមានចរិតបង្កឲ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ ការលើកឡើងរបស់មេសហជីពនៅកម្ពុជាបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៤។
លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។
លោក សំ សឿន បញ្ជាក់ទៀតថា៖«វាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅកម្ពុជានោះទេ ហើយវិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង ហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ»។
លោកបញ្ជាក់ទៀតថា អង្គការសង់ត្រាល់គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់ និងលម្អិតជាងនេះ មុននឹងចេញរបាយការណ៍ ដោយមិនត្រូវកំណត់យកតែមតិភាគតិច ហើយសន្និដ្ឋានជារួមឡើយ។
ទន្ទឹមនឹងនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានគូសបញ្ជាក់ថា ការលើកឡើងរបស់អង្គការសង់ត្រាល់ គ្មានភាពជាក់ស្តែងដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។
លោក អ៊ុន ដារ៉ា បញ្ជាក់ថា៖«អ្វីដែលលើកឡើងថាបានគាបសង្កត់សិទ្ធិសេរីភាពនោះវាមិនមែនជាការពិត អ៊ីចឹងអ្វីដែលសង់ត្រាល់លើកឡើងខ្ញុំបដិសេធទាំងស្រុងដោយមិនត្រូវយកមួយជ្រុងតូចមកប្រៀបធៀបព្រៃដ៏ធំឡើយ»។
ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានរិះគន់របាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដែលអាចទទួលយកបានត្បិតអីសម្ភាសន៍មនុស្សតែ១០រូបហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជាទាំងមូល។
សូមបញ្ជាក់ថាបច្ចុប្បន្នចំនួនសហជីពនៅកម្ពុជាមានការកើនឡើងពីជាង៣ពាន់នៅឆ្នាំ២០១៦ដល់ជាង៦ពាន់នៅឆ្នាំ២០២៤។ ចំពោះការកើនឡើងនៃសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈពេលខ្លីនេះ ត្រូវបានគេមើលឃើញថាកម្ពុជាគឹជាឋានសួគ៌នៃសេរីភាពសហជីពដែលគ្មានការរើសអើង៕