ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំមន្ដ្រីទាំងអស់ កុំឱ្យធ្វើជាមន្ដ្រីជើង១០ អង្គុយតែក្នុងការិយាល័យរង់ចាំចុះហត្ថលេខា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ប៉ុន្តែត្រូវចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ត្រូវសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម ដោយចុះជួយមូលដ្ឋាន ឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញនិងលើកទឹកចិត្តផ្សព្វផ្សាយឌីជីថល ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋាន។

គួរបញ្ជាក់ជូនថាការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលគឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕

To Top