ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍ កំណែទម្រង់មុតស្រួច ចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញ ពីតម្លាភាព និងប្រសិទ្ធភាព ក្នុងការធានាប្រយោជន៍ ជាអតិបរមាជូនទេសន្តរប្រវេសករ ។

អនុសាសន៍កំណែទម្រង់ មុតស្រួចចំនួន៥ចំណុច នោះរួមមាន ៖
ទី១. ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជន ដែលមិនមានសកម្មភាព ។ ទី២. មិនអនុញ្ញាតឱ្យទីភ្នាក់ងារ ឯកជនមានសិទ្ធិបញ្ជូន ពលករ ដោយគ្មានដៃគូ នៅប្រទេស ទទួល ជាដាច់ខាត។ ទី៣. ក្រសួងនឹងវាយតម្លៃ ក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំដោយក្រុមហ៊ុន ដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានការ លើកទឹកចិត្ត ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ(លេខ៣) នឹងត្រូវផ្សព្វផ្សាយ ឱ្យមហាជនបានដឹង ។ ទី៤.ការដាក់ឱ្យដំណើការ ប្រព័ន្ធតាមដានព័ត៌មាន(Tracking System)ដើម្បីឱ្យពលករទាំងអស់ អាចតាមដានឯកសារបាន ដោយខ្លួនឯងព្រោះពលករម្នាក់មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាន នៃក្រុមហ៊ុនបញ្ជូន ខ្លួនផងដែរ និងទី៥ ក្រសួងបានសម្រួលជាមួយធនាគារ ដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រា ការប្រាក់មិនលើសពី១០% ក្នុងមួយឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះ៕








