ព័ត៌មានជាតិ

អង្គការសប្បុរសធម៌ខ្វនថឹម បរិច្ចាគថវិកា ២មុឺនដុល្លារអាមេរិកដល់មូលនិធិ ធនធានគ្រូបង្រៀននិងអក្សរសាស្ត្រចិន នៃសមាគមសម្ព័នខ្មែរចិន នៅកម្ពុជា

ភ្នំពេញ៖ ប្រតិភូជាង២០នាក់ មកពីអង្គការសប្បុរសធម៌ខ្វនថឹម នៅរសៀលថ្ងៃទី៧ ខែមិថុនា បានទៅទស្សនកិច្ច នៅទីស្នាក់ការសមាគមសម្ព័នខ្មែរ ចិន នៅកម្ពុជា ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកបូ រ៉េត ប្រធានប្តូរវេនសមាគម  អ្នកឧកញ៉ាតែមាន អនុប្រធានប្រតិបត្តិនៃសមាគម និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត។

លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម បានមាន ប្រសាសន៍ នាឱកាសនោះថា អង្គការសប្បុរសធម៌ខ្វនថឹម ជា អង្គការក្រៅ រដ្ឋាភិបាល ដែល បាន ចុះ បញ្ជី ស្រប ច្បាប់ នៅក្រសួង មហាផ្ទៃយូរឆ្នាំហើយ។ ប៉ុន្តែដោយសារលោកមានការងាររវល់ច្រើនមិនទាន់បានគៀងគរសប្បុរសជនអោយចូលរួម តែលោកបានបរិច្ចាគថវិការផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយកសាងអាគារសិក្សាថ្មីនៅទីជនបទដែលខ្វះខាតបាន២ខ្នងរួចហើយ។ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ទើបលោកផ្សព្វផ្សាយពីគោលបំណងចូលរួមសកម្មភាពមនុស្សធម៌របស់អង្គការ ហើយ បាន ទទួល ការ គាំទ្រ ពី សហគ្រាស ទាំង តូច និង ធំ និង មាន ការ សាទរ ពីសប្បុរសជនជា ច្រើន។ 

លោករៀបរាប់ថា សមាជិកភាគច្រើននៃអង្គការ របស់លោក គឺមកពីប្រទេសចិន ហើយធ្វើការងារ និងវិនិយោគទុនបង្កើតការងារជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានសមាជិកខ្លះមានគ្រួសារជាជនជាតិខ្មែរផងដែរ។

លោក គង្គា បន្ថែមទៀតថា អង្គការសប្បុរសធម៌ខ្វនថឹម គឺជាអង្គការមិនស្វែងរកផលចំណេញ ខ្វនថឹមមានន័យថាតូច ប៉ុន្តែមានគ្នាច្រើន លោកមានបំណងប្រមូលកំលាំងមនុស្សធម៌តូចៗអោយបានច្រើន ដើម្បីធ្វើការងារមនុស្សធម៌និងសុខមាលសង្គមទៅតាមលទ្ធភាពដែលអាចធ្វើបាន។ យើងផ្តល់ជំនួយដោយឥតគិតថ្លៃដល់ក្រុមជនដែលជួបការលំបាក ងាយរងគ្រោះ បរិច្ចាគថវិការជួយសាងសង់អគារសិក្សានៅតំបន់ដាច់ស្រយាល ផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ 

លោកប្រធានសមាគម បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រឹទ្ធាចារ្យជាអ្នកដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងអ្នកដឹកនាំជំនាន់មុន និងអ្នកដឹកនាំបច្ចុប្បន្ន។

លោកបូ រ៉េត ប្រធានប្តូរវេនសមាគម បានណែនាំអំពីស្ថានភាពទូទៅនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដល់គណៈប្រតិភូ។

លោកមានប្រសាសន៍ថា សមិទ្ធិផលការងារដែលធ្វើដោយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា មិនត្រឹមតែត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ថែមទាំងទទួលបានការកោតសរសើរដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ សំខាន់ជាងនេះទៅទៀត នៅក្នុងសន្និសីទសមាគមចិនពិភពលោកលើកទី១០ ដែលរៀបចំនៅទីក្រុងប៉េកាំង កាលពីដើមខែឧសភាឆ្នាំមុន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឈ្នះពានរង្វាន់ «ពន្លឺនៃសហគមន៍ចិន»ដែលជាកិត្តិយសដ៏ធំធេងសំរាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ 

លោកគូសបញ្ជាក់ថា ថ្ងៃនេះប្រតិភូអង្គការសប្បុរសធម៌ខ្វនថឹម បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ដល់មូលនិធិគ្រូបង្រៀននិងអប់រំភាសាចិន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងរបស់អង្គការលើវិស័យអប់រំភាសាចិននៅកម្ពុជា និងការទទួលស្គាល់សមិទ្ធិផលការងាររបស់សមាគមសម្ព័ន្ធខ្មែរចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ខ្ញុំសង្ឃឹមថា អង្គការសប្បុរសធម៌ខ្វនថឹម នឹងបន្តរក្សានូវការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមកម្ពុជា។

អ្នកឧកញ៉ាតែ មាន អនុប្រធានប្រតិបត្តិនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជានាយកនៃផ្នែកមូលនិធិគ្រូបង្រៀននិងអក្សរសាស្ត្រចិន មានប្រសាសន៍ថា ការអប់រំភាសាចិននៅកម្ពុជាបានឆ្លងកាត់ប្រវត្តិរុងរឿងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ដោយមានសាលារៀនចិនជាង ២៣០ សាលានៅទូទាំងប្រទេស។ តែមិននឹកស្មានដល់ សង្រ្គាមបានផ្ទុះឡើងក្រោយឆ្នាំ ១៩៧០ ហើយសាលារៀនចិនត្រូវបានបង្ខំឱ្យបិទទាំងស្រុង និងត្រូវបានផ្អាកអស់រយៈពេល២០ ឆ្នាំ ដោយបន្សល់ទុកនូវកូនចៅចិនមួយជំនាន់ មិនចេះអក្សរនិងភាសាចិន។ ចាប់តាំងពីឆ្នាំ ១៩៩១ ប្រទេសកម្ពុជា ទទួលបានសន្តិភាព និងបានចាប់ផ្តើមអនុវត្តគោលនយោបាយបើកចំហរ ហើយសាលារៀនចិន អាចដំណើរការឡើងវិញ។ រហូតមកដល់ពេលនេះសាលារៀនចិននៅទូទាំងប្រទេសកម្ពុជាមានចំនួន៥៧សាលា ដែលមានចំនួនសិស្សសរុបជិត ៥០.០០០ នាក់។ 

លោកបានមានប្រសាសន៍ថា ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលដ៏ធំបំផុត របស់សហគមន៍ចិននៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចការផ្សេងៗរបស់សហគមន៍ចិននៅកម្ពុជា សកម្មផ្សព្វផ្សាយវប្បធម៌ចិន អភិវឌ្ឍការអប់រំ ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងប្រជាជនចិន និងជនជាតិចិនប្រទេសកម្ពុជា ជំរុញទំនាក់ទំនង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងភាពស្អិតរមួតរបស់ប្រជាជនចិន និងជនជាតិចិននៅកម្ពុជានិងបម្រើការងារផ្សេងៗ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកឧកញ៉ាតែ មានបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការសប្បុរសធម៌ខ្វនថឹម សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួនលោកសន្យាថា មូលនិធិគ្រូបង្រៀននិងអក្សរសាស្ត្រចិននៃសមាគមសម្ព័ន្ធខ្មែរចិន នឹងប្រើប្រាស់ថវិការ២មុឺនដុល្លាអាមេរិក ដែលបរិច្ចាគដោយអង្គការសប្បុរសធម៌ខ្វនថឹមនេះ អោយមានប្រសិទ្ធភាព សំរាប់ផ្តល់ជំនួយចាំបាច់ ដល់ការអប់រំភាសាចិននៅកម្ពុជា៕

To Top